ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះសិក្សាពិនិត្យទីតាំងសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីចុះអនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងក្របខណ្ឌត្រីវិស័យ និងគម្រោង CASDP។

សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) មានតួនាទីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។
 
បើតាមឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌគម្រោង CASDP សហគមន៍កសិកម្មទំនើបនេះ មានធុរកិច្ចម្ទេស ១៣៣ គ្រួសារ លើផ្ទៃដីដាំដុះ ៣៨ ហិកតា ដោយរួមបញ្ចូលការសាងសង់ប្រព័ន្ធស្រោចស្រព ស្តារអាងទឹក ជីកស្រះ និងតទុយោទឹកបញ្ជូនទឹកដល់ចម្ការម្ទេស។ ផែនការធុរកិច្ចម្ទេស បានរៀបចំ និងបានកំពុងពិនិត្យអនុម័តដែលគ្រោងផលិតម្ទេសតាមកិច្ចសន្យារវាងក្រុមហ៊ុនដៃគូ និងសហគមន៍ សម្របសម្រួលដោយក្រសួងកសិកម្ម តាមរយ:ថវិកាជំនួយឥតសំណងទុន ៤០% (ទុនសហគមន៍ 60%) វិនិយោគបំពេញបន្ថែមពីគម្រោង CASDP និងការសម្របសម្រួលទំនាក់ទំនងផ្តល់កម្ចីជាមួយធនាគារអភិវឌ្ឍន៍កសិកម្មនិងជនបទ (ARDB)។ 
 
ទន្ទឹមនឹងនេះ ធនាគារ នឹងចុះជួបសហគមន៍ ពិភាក្សាអំពីតម្រូវការកម្ចីរបស់សហគមន៍ សម្រាប់ចាប់ផ្តើមផលិតកម្មម្ទេស ដោយប្រើប្រាស់ប្រភពទឹកតាមផ្ទះ អណ្តូង ស្រះ រួមជាមួយការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម និងក្រុមហ៊ុនទិញម្ទេស ដោយជំហានដំបូងចូលរួមអនុវត្តពីសមាជិក៧០គ្រួសារសិនក្នុងឆ្នាំនេះ។ 
 
បន្ទាប់ពីជំនួបពិភាក្សា គណប្រតិភូ និងតំណាងសហគមន៍ បានចុះពិនិត្យទីតាំងគ្រោងស្តារអភិវឌ្ឍប្រព័ន្ធស្រោចស្រព ដែលបានសិក្សារួច និងដាក់សំណើអនុម័តដេញថ្លៃសាងសង់ ដោយប្រើប្រាស់កញ្ចប់ថវិកាគម្រោង CASDP របស់ក្រសួងធនធានទឹក និងឧតុនិយម៕









 
Powered by Blogger.