សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់វិជ្ជាជីវៈ និងជៀសវាងការផ្សព្វផ្សាយការសម្ងាត់យោធាពេលមានជម្លោះព្រំដែន
រាជធានីភ្នំពេញ ៖ ក្នុងឱកាស វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី ២២ ស្តីពី «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនដោយក្នុងនោះ សម្តេចបវរធិបតី សូមឱ្យបន្តណែនាំ និងពង្រឹងស្មារតីវិជ្ជាជីវៈបន្ថែម ដោយមិនត្រូវធ្វើការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ យុទ្ធោបករណ៍ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ ។ សូមពង្រឹង និងយកចិត្តទុកដាក់តាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ជាពិសេសប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិដែលនឹងផ្តល់ព័ត៌មានជាប្រចាំពីការវិវត្តនៃស្ថានការណ៍ ។
សម្តេចបវរធិបតី សូមឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចែករំលែកបន្តនូវសារមួយចំនួន ដែលផ្សព្វផ្សាយពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានដោយគ្មានប្រភពច្បាស់លាស់ ។ ក្នុងកាលៈទេសៈនេះ សូមបន្តតាមដាន និងទទួលនូវព័ត៌មានពីប្រភពផ្លូវការនានា ជាពិសេស ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ព័ត៌មានពិតំ និងមានប្រភពច្បាស់លាស់ពីសមរភូមិមុខ និងពីអាជ្ញាធរខេត្តពាក់ព័ន្ធ ។ ជាមួយគ្នានេះ សូមបងប្អូនជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ កងយោធពលខេមរភូមិន្ទ ដែលតែងតែប្រកាន់នូវគោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការពារប្រជាជន និងការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ៕


Post a Comment