រដ្ឋបាលក្រុងស្ទឹងត្រែង ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ ព្រមានចាត់វិធានការច្បាប់លើម្ចាស់សំណង់រំលោភចំណីផ្លូវ
ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ រដ្ឋបាលក្រុងស្ទឹងត្រែង បានចុះអនុវត្តវិធានការវាស់វែង និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងក្រុង ដើម្បីធានាឱ្យបាននូវសោភ័ណភាព បញ្ចៀស និងទប់ស្កាត់ការសាងសង់សំណង់នានា ដែលរំលោភលើដីចំណីផ្លូវសាធារណៈ ។
លោក លី មីណា អភិបាល នៃគណៈអភិបាលក្រុងស្ទឹងត្រែង បានសង្កត់ធ្ងន់ថា ការយកដីចំណីផ្លូវសាធារណៈ មកប្រើប្រាស់ជាប្រយោជន៍បុគ្គល ឬធ្វើអាជីវកម្មផ្សេងៗ គឺជាទង្វើខុសច្បាប់ ជាពិសេស គឺការរំលោភលើច្បាប់ផ្លូវថ្នល់ ។
លោកបានបន្តថា សកម្មភាពទាំងនេះ មិនត្រឹមតែបំផ្លាញសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខ្វះការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ ក្នុងសង្គមស៊ីវិល័យផងដែរ ។
ជាមួយគ្នានេះ រដ្ឋបាលក្រុងស្ទឹងត្រែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ចំណីផ្លូវខុសច្បាប់ សូមមានការភ្ញាក់រលឹកនិងចូលរួមសហការកែសម្រួលដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងត្រែង ឱ្យកាន់តែប្រសើរឡើង ។
ទន្ទឹមនឹងការដាក់ចេញវិធានការក្តៅ លោក លី មីណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអាជីវករ និងម្ចាស់ទីតាំងមួយចំនួន ដែលបានយល់ដឹង និងសហការយ៉ាងល្អ ជាមួយអាជ្ញាធរ ក្នុងការគោរពច្បាប់ និងចូលរួមរៀបចំសណ្តាប់ធ្នាប់តាមការណែនាំ នាពេលកន្លងមក៕






Post a Comment