មហាសន្និបាតលើកទី១៤៖ ជួរបត់ប្រវត្តិសាស្ត្រ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់វៀតណាម និងទំនាក់ទំនង វៀតណាម - កម្ពុជា

 ចាប់តាំងពីការបង្កើតឡើងរហូតមកដល់បច្ចុប្បន្ន បក្សកុម្មុយនីស្តវៀតណាមបានឆ្លងកាត់មហាសន្និបាតចំនួន ១៣ លើករួចមកហើយ។ មហាសន្និបាតបក្សនីមួយៗ គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលកត់ត្រានូវជ័យជំនះ សមិទ្ធផល និងមេរៀនបទពិសោធន៍នៃបដិវត្តន៍វៀតណាម ក្រោមការដឹកនាំរបស់បក្ស។ មហាសន្និបាតលើកទី៦ (ឆ្នាំ១៩៨៦) បានចាប់ផ្តើមនូវកិច្ចការ "ដូយមយ" (ការផ្លាស់ប្តូរថ្មី) លើគ្រប់វិស័យរបស់ប្រទេសជាតិ ហើយក្រោយរយៈពេល ៤០ ឆ្នាំ មហាសន្និបាតលើកទី១៤ (ឆ្នាំ២០២៦) ត្រូវបានចាត់ទុកថាជា ចុចរបត់នៃការកសាងអនាគត ដោយបើកឡើងនូវយុគសម័យអភិវឌ្ឍន៍ថ្មី ក្នុងគោលដៅជំរុញប្រទេសជាតិឱ្យឈានឡើងយ៉ាងខ្លាំងក្លា មានម្ចាស់ការ និងយកមនុស្សជាមជ្ឈមណ្ឌល ព្រមទាំងពង្រឹងជំនឿទុកចិត្តក្នុងសង្គម និងលើកកម្ពស់កម្លាំងផ្ទៃក្នុង។ មហាសន្និបាតទាំងពីរលើកនេះ គឺជាសញ្ញាសម្គាល់ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលកំណត់នូវមាគ៌ាអភិវឌ្ឍន៍របស់បក្ស និងប្រទេសវៀតណាមក្នុងដំណាក់កាលផ្សេងៗគ្នា។

ជោគជ័យនៃមហាសន្និបាតលើកទី១៤ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈចំណុចលេចធ្លោមួយចំនួនដូចខាងក្រោម៖

ចក្ខុវិស័យយុទ្ធសាស្ត្រ

ចំណុចលេចធ្លោមួយនៃមហាសន្និបាតលើកទី១៤ គឺការកំណត់ចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែង ដោយផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវគោលដៅនៃដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាមួយចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ មហាសន្និបាតបានសង្កត់ធ្ងន់លើតម្រូវការកសាងគំរូកំណើនថ្មី ដោយផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការអភិវឌ្ឍតាមបរិមាណ ទៅជាការអភិវឌ្ឍតាមគុណភាព ពីការពឹងផ្អែកខ្លាំងលើការទាញយកធនធានធម្មជាតិ និងកម្លាំងពលកម្មកម្រិតទាប ទៅជាការផ្អែកលើចំណេះដឹង បច្ចេកវិទ្យា ផលិតភាព គុណភាព និងប្រសិទ្ធភាព។

មហាសន្និបាតបានកំណត់យ៉ាងច្បាស់ថា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការបរិវត្តកម្មឌីជីថលជាតិ គឺជាកម្លាំងចលករចម្បងនៃកំណើន ព្រមទាំងអះអាងនូវតួនាទីដ៏សំខាន់នៃវិស័យឯកជន ក្នុងការកៀងគរ និងលើកកម្ពស់ធនធានសង្គមសម្រាប់ការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ គឺតម្រូវការអនុវត្តឱ្យបានស៊ីចង្វាក់គ្នានូវការផ្លាស់ប្តូរធំៗរួមមាន៖ ការបរិវត្តកម្មឌីជីថល ការបរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូររចនាសម្ព័ន្ធ និងការលើកកម្ពស់គុណភាពធនធានមនុស្ស។​

ការកែទម្រង់ស្ថាប័នយ៉ាងខ្លាំងក្លា និងការចាត់តាំងអនុវត្ត

មហាសន្និបាតលើកទី១៤ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបំពេញបន្ថែមនូវប្រព័ន្ធស្ថាប័ន ការផ្លាស់ប្តូរថ្មីនៃការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនរដ្ឋ និងការលើកកម្ពស់ស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពនៃការអនុវត្ត។

 

មហាសន្និបាតបានតម្រូវឱ្យកំណត់ឱ្យកាន់តែច្បាស់នូវមុខងារ ភារកិច្ច ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ការបែងចែកការងារ និងយន្តការសម្របសម្រួលរវាងបណ្តាអង្គភាព និងអង្គការនានា ចាប់ពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន។ ធានាឱ្យក្បាលម៉ាស៊ីនដំណើរការទៅដោយរលូន មានសង្គតិភាព និងស៊ីចង្វាក់គ្នា ព្រមទាំងលើកកម្ពស់គុណភាពនៃការត្រួតពិនិត្យ ការផ្តល់មតិរិះគន់ដើម្បីស្ថាបនា និងការទទួលខុសត្រូវតាមរយៈការបកស្រាយបំភ្លឺ។​

ការពង្រឹងជំនឿទុកចិត្តក្នុងសង្គម​

ជោគជ័យនៃមហាសន្និបាតលើកទី១៤ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពគ្នាកម្រិតខ្ពស់នៅក្នុងបក្ស ការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងការរំពឹងទុកយ៉ាងខ្លាំងក្លារបស់ប្រជាជន។ មហាសន្និបាតបានបន្តអះអាងនូវមនោគមវិជ្ជា "ប្រជាជនជាគ្រឹះ" ដោយចាត់ទុកប្រជាជនគឺជាមជ្ឈមណ្ឌលផង និងជាម្ចាស់នៃកិច្ចអភិវឌ្ឍន៍ផងដែរ។​

ជំនឿទុកចិត្តក្នុងសង្គមត្រូវបានពង្រឹងនៅលើមូលដ្ឋានគ្រឹះសំខាន់ៗចំនួនបី៖ មាគ៌ាអភិវឌ្ឍន៍ច្បាស់លាស់ មានសង្គតិភាព និងមានចក្ខុវិស័យវែងឆ្ងាយ ការប្តេជ្ញាចិត្តនយោបាយយ៉ាងមុតមាំក្នុងការផ្លាស់ប្តូរថ្មី និងការកែទម្រង់ និងការដាក់ការទទួលខុសត្រូវក្នុងការចាត់តាំងអនុវត្តឱ្យស្ថិតនៅចំណុចកណ្តាល។ មហាសន្និបាតបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍមិនមែនត្រឹមតែដើម្បីសម្រេចបាននូវគោលដៅកំណើនប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ធានានូវយុត្តិធម៌សង្គម និងពង្រឹងការផ្សារភ្ជាប់គ្នានៅក្នុងសង្គម។​

ជោគជ័យនៃមហាសន្និបាតលើកទី១៤ ជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ក្នុងសារលិខិតអបអរសាទរផ្ញើជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ តូ ឡាំ អគ្គលេខាធិការបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានយល់ឃើញថា ការដែលសម្តេចអគ្គមហាសេនាបតីតេជោ តូ ឡាំ បន្តទទួលបានសេចក្តីទុកចិត្តជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម គឺជាការបង្ហាញនូវជំនឿទុកចិត្ត និងសេចក្តីរំពឹងយ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តវៀតណាម និងប្រជាជនវៀតណាមទាំងមូល ចំពោះរូបលោកអគ្គលេខាធិការផ្ទាល់។​

"ការដឹកនាំ និងតម្រង់ទិសដ៏ឈ្លាសវៃរបស់ឯកឧត្តម បាននាំឱ្យប្រទេសជាតិមានការអភិវឌ្ឍ ប្រជាជនរស់នៅក្នុងសន្តិភាពប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាព ហើយតួនាទី និងឋានៈរបស់វៀតណាមត្រូវបានលើកកម្ពស់ជាលំដាប់ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ" នេះគឺជាខ្លឹមសារដែលសម្តេចតេជោ ហ៊ុន សែន បានសរសេរ។​

ប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ចក្ខុវិស័យវែងឆ្ងាយ និងការផ្ដោតលើអនាគតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ តូ ឡាំ បក្សកុម្មុយនីស្តវៀតណាម នឹងបន្តទទួលបាននូវការទុកចិត្ត និងការគាំទ្រយ៉ាងធំធេងពីសំណាក់ប្រជាជនវៀតណាម ហើយនឹងសម្រេចបាននូវជោគជ័យកាន់តែធំធេងថែមទៀត ក្នុងការអនុវត្តនូវរាល់គោលនយោបាយ និងសេចក្តីសម្រេចចិត្តដែលមហាសន្និបាតលើកទី១៤ បានអនុម័ត។​

"តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ខ្ញុំមានជំនឿថា យើងនឹងបន្តជំរុញទំនាក់ទំនង 'អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង' រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនស៊ីជម្រៅថែមទៀត" នេះជាការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន។​

ក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំ និងការគ្រប់គ្រងរបស់បក្សទាំងពីរ ជាពិសេសគឺថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ទំនាក់ទំនង កម្ពុជា - វៀតណាម ត្រូវបានពង្រឹង និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។​

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តែងតែជួបពិភាក្សា និងផ្លាស់ប្តូរមតិដើម្បីតម្រង់ទិសដៅទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការរៀបចំដោយជោគជ័យនូវជំនួបកំពូលរវាងបក្សទាំងពីរ (កាលពីខែកុម្ភៈ ឆ្នាំ២០២៥)។ យន្តការសហប្រតិបត្តិការនានាត្រូវបានអនុវត្ត និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។​

កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ មានការប្រែប្រួលជាវិជ្ជមាន ដោយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១០,៤ ប៊ីលីយុនដុល្លារ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៥។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត បន្តទទួលបានការយកចិត្តទុកដាក់ រក្សា និងជំរុញយ៉ាងខ្លាំងក្លា។ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ មានជំហានអភិវឌ្ឍន៍ជាវិជ្ជមាន តាមរយៈការរៀបចំដោយជោគជ័យនូវសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនលើកទី១៣ (កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥)។​

ជោគជ័យនៃមហាសន្និបាតលើកទី១៤ នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តាមរយៈនោះបង្កើតបាននូវជំនឿទុកចិត្ត ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរឱ្យកាន់តែមានស្ថិរភាព និងប្រសិទ្ធភាព ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ៕
                                        






                                             

                                         

Powered by Blogger.