សាលាដូងលែងត្រូវរុះរើទៀតហើយ! សម្តេចធិបតី ចេញបទបញ្ជាផ្ទាល់ និងឧបត្ថម្ភទ្រទ្រង់យូរអង្វែង

 រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហា​នេះ​ថា ៖ ឆ្លៀតពេល​ជួប​ជាមួយ​ប្អូនប្រុស អ៊ុ​ក វណ្ណ​ដេ ស្ថាបនិក​សាលា​ដូង​នៅ​លើ​ភ្នំ​គិរី​រម្យ ។ ខ្ញុំ​បាន​ចាប់អារម្មណ៍​ពី​សកម្មភាព​របស់​ប្អូនប្រុស ជា​យូរ​មក​ហើយ​តាម​រយៈ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​សាលា​ដូង ក៏​ដូច​ជា បណ្ណាល័យ​ចល័ត​របស់​ប្អូន ក្នុង​គោលដៅ​ជំរុញ​ការ​អាន​សៀវភៅ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នា​ពេល​កន្លង​មក ។


 

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​ថា ក្រោយ​ពី​បាន​ស្ដាប់​នូវ​ប្រវត្តិ​នៃ​ការ​រៀបចំ​សាលា​ដូង ខ្ញុំ​សូម​ធ្វើការ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​ទឹកចិត្ត ឆន្ទៈ​មោះមុត និង​សកម្មភាព​ជាក់ស្ដែង​របស់​ប្អូនប្រុស ក្នុង​ការ​បង្កើត​សមិទ្ធផល​ដ៏​មាន​ប្រយោជន៍​មួយ​នេះ ទោះជា​ប្អូន​មិន​មាន​ធនធាន​ផ្ទាល់ខ្លួន​ច្រើន​ក៏​ដោយ ។ ផ្ដើម​ចេញពី​ការ​ខ្ចី​ដី​ក្នុង​ដែន​ឧទ្យាន​ជាតិ​គី​រី​រម្យ ដើម្បី​បង្កើត​សាលា​ដូង​, ការ​ខិតខំ​ខ្នះខ្នែង​កៀរគរ​ធនធាន​ពី​សប្បុរសជន​នានា រួម​ទាំង​ការ​ព្យាយាម​សុំ​ប្រជាពលរដ្ឋ​ក្នុងភូមិ អនុញាតិ​ឲ្យ​កូន​ៗ​ពួក​គាត់​បាន​មក​ទទួល​ការ​បណ្តុះបណ្ដាល​បំ​ណិ​ន​នៅ​សាលា​ដូង ប្អូនប្រុស វណ្ណ​ដេ ក៏​ដូច​ជា​លោកគ្រូ​ស្ម័គ្រចិត្ត​នៅ​សាលា​នេះ បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​និង​បំ​ណិ​ន​ដល់​ក្មួយ​ៗ​ជាង​១៥០​នាក់​នៅ​ក្នុងភូមិ ។ នេះ​គឺជា​សកម្មភាព​ដែល​ផ្តល់​ផលប្រយោជន៍​វិជ្ជមាន​ពិត​ៗ​ដល់​សង្គម​និង​ប្រជាជន ។

ពាក់ព័ន្ធ​នឹង​ការ​ជូនដំណឹង​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ អោយ​រុះរើ​ទីតាំង​មួយ​ចំនួន​រួម​មានផ្ទះ​គ្រូ​របស់​សាលា​ដូង ដែល​ជាន់​លើ​ដី​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នោះ ខ្ញុំ​បាន ៖

១. ចេញ​បទបញ្ជា​ឲ្យ​យោធភូមិ​ភាគ​ទី​៣ និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ផ្អាក​ការ​អនុវត្ត​ការ​រុះរើ ដោយ​រក្សា​ស្ថានភាព​ដដែល និង​ឲ្យ​សាលា​ដូង​បន្ត​ដំណើរការ​ទៅ​មុខ​និង​គ្រូ​អាច​ស្នាក់​នៅផ្ទះ​ជា​ធម្មតា​ដើម្បី​បង្រៀន​សិស្ស​។

២. ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ផ្ទៀងផ្ទាត់​ជា​បន្ទាន់​នៅ​លើ​ទីតាំង​ជាក់ស្តែង ដើម្បី​រៀបចំ​នូវ​ដំណោះស្រាយ​មួយ ឲ្យ​បាន​សម​ស្រប​និង​មាន​ចីរភាព ដែល​អាច​ធានា​ថា​សាលា​ដូង​អាច​នៅ​បន្ត​ដំណើរការ​បណ្ដុះបណ្ដាល​របស់​ខ្លួន​ដល់​ក្មួយ​ៗ​នៅ​ទីនោះ​។

បន្ថែម​លើ​នេះ ក៏​ត្រូវ​ពិនិត្យ​ផង​ដែរ នូវ​ស្ថានភាព​ជាក់ស្តែង​របស់​សាលា​បឋម​សិក្សា​គី​រី​រម្យ ដែល​ត្រូវ​ដើរតួ​នាទី​បំពេញ​គ្នា​ជាមួយ​សាលា​ដូង ក្នុង​ការ​បណ្តុះបណ្តាល​ដល់​ក្មួយ​ៗ​ដែល​រស់នៅ​លើ​ភ្នំ​នោះ​។

Powered by Blogger.