លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ក្រោមស្រមោលសង្រ្គាម ភាពច្របូកច្របល់ពាណិជ្ជកម្មសកល និងសន្តិសុខថាមពល
(ញូវដែលី)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមកដល់ទីក្រុងញូវដែលី នាថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់កិច្ចប្រជុំកំពូល BRICS រួមជាមួយមេដឹកនាំមកពីប្រទេសដទៃទៀតដូចជាឥណ្ឌា រុស្ស៊ី និងអ៉ីរ៉ង់ ស្របពេលដែលសង្គ្រាម ពាណិជ្ជកម្ម និងថាមពល កំពុងក្លាយជាការធ្វើតេស្ត សម្រាប់ប្លុកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ជម្លោះនៅមជ្ឈិមបូព៌ានិងអ៊ុយក្រែន រួមជាមួយភាពចលាចលពាណិជ្ជកម្មសកល និងសន្តិសុខថាមពល ត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់លើកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃប្លុក១១ប្រទេសនេះ។ ប៉ុន្តែដំណើរទស្សនកិច្ចរបស់លោក ស៊ី ក៏នឹងត្រូវបានគេតាមដានយ៉ាងដិតដល់ផងដែរ ដោយសារនេះជាលើកទីមួយហើយ ដែលលោកបានមកកាន់ប្រទេសឥណ្ឌា ដែលជាប្រទេសជិតខាង ចាប់តាំងពីឆ្នាំ២០១៩មក ហើយក៏ជាជំហានដ៏ធំបំផុតមួយ ក្នុងផ្សះផ្សាគ្នាឡើងវិញបន្តិចម្តងៗ រវាងគូប្រជែងនុយក្លេអ៊ែរទាំងពីរ។
ទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន កើតមានឡើង ៦ឆ្នាំបន្ទាប់ពីការប៉ះទង្គិចយោធា កាលពីក្នុងឆ្នាំ២០២០ នៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដោយទំនាក់ទំនងបានប្រសើរឡើងសន្សឹមៗ តាមរយៈការស្តារជើងហោះហើរ ទិដ្ឋាការ និងទំនាក់ទំនងកម្រិតខ្ពស់ឡើងវិញ។ ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនត្រៀមជាស្រេចក្នុងការធ្វើការជាមួយឥណ្ឌា ដោយការពង្រឹងការទំនាក់ទំនង ការបង្កើនកិច្ចសហប្រតិបត្តិការ និងការដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ។ បញ្ហាស្នូលនៃជម្លោះទឹកដី នៅមិនទាន់អាចដោះស្រាយបាននៅឡើយ ហើយភាគីទាំងពីរនៅតែរក្សាការដាក់ពង្រាយយោធាទ្រង់ទ្រាយធំ តាមបណ្តោយព្រំដែនដែលមានប្រវែងប្រហែល ៣៥០០គីឡូម៉ែត្ររបស់ពួកគេ។
បើយោងតាមក្រសួងការបរទេសទីក្រុងញូវដែលី លោក ស៊ី គ្រោងនឹងជួបពិភាក្សាទល់មុខគ្នាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅថ្ងៃសៅរ៍នេះ។ ការមិនទុកចិត្តគ្នាដែលចាក់ឬសជ្រៅនៅតែមាន ដោយបញ្ហាជម្លោះព្រំដែន ការរីកធំនៃឱនភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងយុទ្ធសាស្ត្រ កំពុងបន្តបង្កភាពស្មុគស្មាញចំពោះទំនាក់ទំនងទ្វេភាគី។
ដោយឡែក លោក ម៉ូឌី កាលពីថ្ងៃសុក្រ ក៏បានស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន មុនពេលកិច្ចពិភាក្សា BRICS ផងដែរ។ លោក ពូទីន ដែលបានមកធ្វើទស្សនកិច្ចក្នុងប្រទេសឥណ្ឌា លើកចុងក្រោយ កាលពីខែធ្នូ ឆ្នាំ២០២៥ គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់ញូវដែលី។ ឥណ្ឌាបានដោះស្រាយវិបត្តិថាមពលដែលបណ្តាលមកពីសង្គ្រាមអាមេរិក-អ៉ីរ៉ង់ មួយផ្នែកគឺដោយងាកទៅរករុស្ស៊ី ទោះបីជាមានសង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន និងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសលោកខាងលិចផ្សេងទៀតក៏ដោយ។
គួរបញ្ជាក់ថា BRICS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ជាវេទិកាសម្រាប់ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនធំៗ ស្វែងរកការបង្កើនឥទ្ធពលនៅតាមស្ថាប័ន ដែលគ្រប់គ្រងជាយូរមកហើយ ដោយមហាអំណាចលោកខាងលិច។ ក្រៅពីអ៉ីរ៉ង់ BRICS ក៏រួមមានអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួមផងដែរ ដែលជាប្រទេសមានជំហរខុសគ្នាខ្លាំង លើសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល កាលពីខែកុម្ភៈ៕




Post a Comment