មន្ត្រីណាប្រព្រឹត្តអំពើពុលរលួយ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងបឹងទន្លេសាប និងត្រូវដកដំណែង

ពោធិ៍សាត់៖ ឯកឧត្តម នាយឧត្តមសេនីយ៍ម៉ៅសុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានព្រមានធ្ងន់ៗថានឹងដក មុខតំណែងចំពោះមន្ត្រីណាដែលបង្កើតអោយមានអំពើពុករលួយនៅក្នុងអំឡុងពេលប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅក្នុងបឹងទន្លេសាបដោយមិនលើកលែងឡើយបើទោះជាបុគ្គលនោះមានខ្នងបង្អែកយ៉ាងណាក៏ដោយ ព្រោះដល់ម៉ោងវះកាត់ហើយ ដើម្បីធានាឲ្យបេសកកម្មមួយនេះប្រកបដោយប្រសិទ្ធភាព។


ឯកឧត្តមព្រមានបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈបញ្ជាការឯកភាពបង្ក្រាបបទល្មើសនេសាទ កងទ័ពជើងគោកលើផ្ទៃបឹងទន្លេសាប  ដែលមានសមាសភាពចូលរួម អភិបាល អភិបាលរង ខេត្ត អាជ្ញាធរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ទទួលបន្ទុកក្នុងខេត្តទាំង៥ជុំវិញបឹងទន្លេសាប ព្រឹកថ្ងៃទី 24 ខែមីនាឆ្នាំ 2025 នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅសុផាន់ អគ្គមេបញ្ជាការ រងនិងជាមេបញ្ជាការកងទ័ពជើងគោក បានចេញនៅបទបញ្ជាដាច់ខាត ចំពោះបុគ្គលណាក៏ដោយដែលពុករលួយក្នុងរឿងប្រតិបត្តិការបឹងទន្លេសាបនឹងត្រូវដកចេញពីមុខតំណែងដោយមិនអត់អោនបានឡើយទោះមានខ្សែខ្នងបង្អែកយ៉ាងណាក៏ដោយ។

ដូចក្នុងករណីមេបញ្ជាការរងយោធាខេត្តកំពង់ឆ្នាំងមួយរូប បានប្រព្រឹត្តអំពើពុករលួយយកលុយក្នុងមួយទូក 30 ម៉ឺនរៀល សម្រាស់១ដុំមួយលានរៀល មានភស្តុតាងក្នុងទូរសព្ទដៃគឺបញ្ជាឲ្យដកភ្លាមតែម្ដង។ ករណីលោកអភិបាលរងស្រុកម្នាក់ ដែលបញ្ជាឲ្យចាប់លៀសដឹកឆ្លងដែនចូលវៀតណាមមិនបានក៏នឹងត្រូវសម្រេចដកបញ្ឈរជើងក្នុងសប្តាហ៍នេះផងដែរ។ លើសពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ ស្នើឱ្យអាជ្ញាធរខេត្តកំពង់ធំពិនិត្យនិងពិចារណាអំពីភាពមិនប្រក្រតីក្នុងករណីចាប់ជនល្មើសឆក់ត្រីបានបញ្ជូនទៅពន្ធនាគារបានរយៈពេលត្រឹមតែ1ខែ 8 ថ្ងៃតែប៉ុណ្ណោះ ដោះលែងមកវិញ។

ក្នុងន័យនេះឯកឧត្តមលើកឡើងថាកងទ័ពបានប្រឹងប្រែងបង្ក្រាបចាប់បានទាំងលំបាកប៉ុន្តែចៅក្រមគាត់បង្កើតអំពើពុករលួយដោះលែង ករណីនេះនឹងត្រូវពិភាក្សាជាមួយថ្នាក់ដឹកនាំអគ្គបញ្ជាការ ក្នុងនាមជាមេបញ្ជាការប្រតិបត្តិការ នឹងឲ្យឯកឧត្តមសេងធារិន មេបញ្ជាការងយោធភូមិភាគទី 5 និងជានាយសេនាធិការ រួមនិងចៅហ្វាយស្រុកត្រូវធ្វើរបាយការណ៍អំពីរឿងនេះដើម្បីធ្វើសំណើរទៅឯកឧត្តម ឪម យិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចុះអង្កេត។


ឯកឧត្តមលើកឡើងថា ក្នុងខណៈពេលប្រើកណ្ដាប់ដៃដែកហើយបើមិនព្រមានបុគ្គល ជាចៅក្រម ជាព្រះអាជ្ញាទេនោះនឹងធ្វើឱ្យប្រតិបត្តិការប្រែជាគ្មានប្រយោជន៍ព្រោះដល់ពេលវះកាត់ហើយមិនអាចលើកលែងបានទេ។
ឯកឧត្តមបានលើកឡើងថា យោធាគ្មានជំងឺតួឯកនោះទេ ពោលគឺត្រូវប្រើប្រាស់កម្លាំង សរុប មធ្យោបាយសរុប បញ្ញាណសរុប ហើយសាមគ្គីជាមួយសមត្ថកិច្ច អាជ្ញាធរដែនដី ជំនាញ ដែលត្រូវប្រតិបត្តិការឲ្យបានម៉ដ្ឋចត់ផងដែរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់ឲ្យដឹងថា បញ្ហាអំពើពុករលួយរបស់កងទ័ពដែលចុះប្រតិបត្តិការ គឺបានចេញបញ្ជា ដល់មេភូមិភាគទី 5 ភូមិភាគទី 4 ភូមិភាគពិសេស កំពុលលេខ 70  ឆ័ត្រយោង កងពលលេខ 1 ហាមកុំក្បត់ឧត្តមគតិខ្លួន សូមកុំពុករលួយ ព្រោះថាថ្នាក់ដឹកនាំទុកចិត្តលើកងទ័ពតែបើស៊ីសំណូកទៀតគឺអស់ហើយ។


ឯកឧត្តមបញ្ជាក់បន្ថែមថា ឆ្លងតាមប្រតិបត្តិការចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលរយៈពេលប៉ុន្មានជាង 3 ខែកន្លងមកឃើញថាយើងអភិរក្សបានហើយ យោងតាមគោលការណ៍ដែលទទួលបានពីសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី និងត្រូវធ្វើការអភិវឌ្ឍសំដៅបម្រើផលប្រយោជន៍ពិតប្រាកដជូនប្រជាជនក្នុងសហគមន៍នៅលើផ្ទៃទឹកបឹងទន្លេសាប ឲ្យពួកគាត់ប្រកបរបរនេសាទដើម្បីចិញ្ចឹមជីវិតបាន។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅសុផាន់ បានស្នើដោយជំរុញឲ្យ អាជ្ញាធរស្រុកខេត្តទាំង5ជុំវិញបឹងទន្លេសាបនិងអង្គភាពស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវចុះជួបផ្ទាល់ជាមួយបងប្អូនប្រជានេសាទ ដើម្បីពន្យល់ណែនាំ ឱ្យពួកគាត់យល់អំពីការប្រើប្រាស់ឧបករណ៍នេសាទឲ្យបានត្រឹមត្រូវជាបណ្ដោះសន្នរង់ចាំច្បាប់ស្ដីពីជលផលថ្មីចេញនៅពេលក្រោយនិងបង្កលក្ខណៈងាយស្រួលដោយបំពាក់លេខកូដកាណូតជូនពួកគាត់ងាយស្រួលគ្រប់គ្រង៕ 






Powered by Blogger.