ទុស្សខ្សែភ្លើងឆាបឆេះផ្ទះជួសជុលបរិក្ខាអគ្គិសនី ស្លា.ប់មួយគ្រួសារ ៤នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ផ្ទះជួសជុលបរិក្ខាអគ្គិសនីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារទុស្សខ្សែភ្លើង សន្ធោសន្ធៅ ខណៈដែលម្ចាស់កំពុងដេកលង់លក់ក្នុងបន្ទប់ ចេញមិនរួច ស្លាប់មួយគ្រួសារ ចំនួន៤នាក់ ប្រុស១នាក់ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង០៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា គ្រាដែលម្ចាស់ផ្ទះកំពុងដេកសម្រាកក្នុងផ្ទះ ស្រាប់តែទុស្សេខ្សែភ្លើងចេញពីមុខផ្ទះ ដែលដាក់អំពូលបំភ្លឺមុខផ្ទះ ឆេះហើយហុយផ្សែង ចេញជាអណ្តាតភ្លើង រាលទៅបង្គោល បន្តរាលចូលផ្ទះ បង្កឱ្យផ្អើលឆោឡោ អ្នកភូមិ នាំគ្នាគោះទ្វារ គប់ទ្វារផ្ទះដាស់ផង តែគ្នានអ្នកឆ្លើយ មិនភ្ញាក់ ភ្លើងកាន់តែខ្លាំងឡើង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ កងពលតូចលេខ៧០ រថយន្តស្នងការក្រុងភ្នំពេញ ចេញទៅអន្តរាគមន៍ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ផ្ទះខាងលើប្រភេទល្វែង បេតុង ប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx២០ម៉ែត្រ ប្រកបមុខរបរ ជួសជុលបរិក្ខាអគ្គិសនី ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង មានម្ចាស់រងគ្រោះ ឈ្មោះ ហេង សុវណ្ណខយ ភេទប្រុស អាយុ៣៨ឆ្នាំ ,ប្រពន្ធ ឈ្មោះ ប៊ុត ពុធ អាយុ៣២ , កូនទី១ ឈ្មោះ ឃឿងខយ បុត្រី ភេទស្រី អាយុ៧ឆ្នាំ , កូនទី២ ឈ្មោះ ឃឿងខយ សុវណ្ណម៉ី ភេទស្រី អាយុ៧ខែ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មួយគ្រួសារ មនុស្ស៤នាក់ ប្តី ប្រពន្ធ កូនតូច២នាក់ ស្លាប់ក្នុងផ្ទះ ដោយសារដេកលង់លក់ចេញមិនរួច សមត្ថកិច្ច ក្រុមពន្លត់អគ្គិភ័យ ក្រោយពីបាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ហើយ បន្តស្វែងរក សាកសព ដែលស្លាប់ក្នុងហេតុការណ៍ ហើយសមត្ថកិច្ចកំពុងពិនិត្យ ស្រាវជ្រាវ ធ្វើកោសល្យវិច័យ ។ សពជនរងគ្រោះទាំងអស់ ត្រូវបានដឹកយកទៅតំកល់ទុក នៅវត្តព្រៃស្ពឺ ដើម្បីបន្តពិនិត្យ កោសល្យវិច័យ ៕

Powered by Blogger.