ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

ក្រុងកោះរ៉ុង ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកោះរ៉ុង ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដល់រដ្ឋបាលក្រុងកោះរ៉ុង ស្តីពី « ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម  កិច្ចប្រជុំនេះធ្វើឡើងនៅសាលាក្រុងកោះរ៉ុង ដោយមានការចូលរួមពី លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក រាជ សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង ព្រមទាំងលោក-លោកស្រីអភិបាលរងក្រុង និងកងកម្លាំងជាសមាជិកគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកោះរ៉ុងទាំងអស់។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល បានថ្លែងថាលើកទឹកចិត្តដល់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវគោលនយោបាយ និងគោលការណ៍នានា របស់រាជរដ្ឋាភិបាលកម្ពុជា និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ព្រមទាំងចូលរួមចំណែក និងផ្តល់កិច្ចសហការគាំទ្រ ធ្វើឱ្យក្រុងកោះរ៉ុង សម្រេចបានសមិទ្ធផល នានាជាច្រើននៅរយៈពេលកន្លងមកនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ណែនាំ និងដាក់បទបញ្ជាជាក់លាក់ ដល់រដ្ឋបាលក្រុង និងកងកម្លាំងពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងរដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដូចខាងក្រោម៖

១ ត្រូវចាត់វិធានការយ៉ាងតឹងរឹង ទប់ស្កាត់មិនឲ្យមានសកម្មភាពល្បែងអនឡាញ និង casino scam មានវត្តមាននៅលើកោះ ដោយដាច់ខាត។

២ ត្រូវចុះត្រួតពិនិត្យជាប្រចាំតាមគ្រប់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ ផ្ទះជួល បឹងហ្គាឡូ និងរីហ្សតទាំងអស់ ដើម្បីធានាមិនឲ្យមានសកម្មភាពល្បែងខុសច្បាប់កើតឡើង។

៣ ពង្រឹងការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យមានភាពកក់ក្តៅ និងទុកចិត្ត។

៤ យកចិត្តទុកដាក់ថែរក្សាអនាម័យបរិស្ថាន ដោយរៀបចំសម្អាតអនាម័យតាមភូមិ និងតាមដងផ្លូវសាធារណៈជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពស្អាតស្អំរបស់ក្រុង។

ជាចុងបញ្ចប់ ឯកឧត្តម អភិបាលខេត្ត បានស្នើឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងទាំងអស់ បន្តសហការយ៉ាងស្អិតរមួត បំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្រុងកោះរ៉ុង ឲ្យកាន់តែប្រសើរឡើងថែមទៀត៕







 

Powered by Blogger.