សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ និងស្រុក នៅថ្នាក់ស្រុក ឆ្នាំ២០២៦

 នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលស្រុកឆែប បានរៀបចំ សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំ និងស្រុក នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងអង្គភាពមន្ទីរជុំវិញខេត្ត អង្គការក្រៅរាជរដ្ឋាភិបាល មន្ត្រីពាក់ព័ន្ធ និងអាជីវករក្នុងស្រុកឆែប។

សិក្ខាសាលានេះ មានគោលបំណងពិនិត្យ ពិភាក្សា និងសមាហរណកម្មកម្មវិធីវិនិយោគរបស់ឃុំ និងស្រុក ព្រមទាំងកំណត់អាទិភាពគម្រោងអភិវឌ្ឍន៍ ដើម្បីធានាឱ្យការរៀបចំផែនការវិនិយោគ ឆ្លើយតបនឹងតម្រូវការ និងសក្តានុពលជាក់ស្តែងរបស់មូលដ្ឋាន។ អ្នកចូលរួមបានចែករំលែកព័ត៌មាន បទពិសោធន៍ និងមតិយោបល់ពាក់ព័ន្ធនឹងតម្រូវការ និងសក្តានុពលនៃការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុកឆែប។

ជាមួយគ្នានេះ ក៏មានការរៀបចំ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងរដ្ឋបាលស្រុកឆែប អង្គភាព និងអង្គការពាក់ព័ន្ធ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍នានា ឱ្យឆ្លើយតបនឹងតម្រូវការ និងសក្តានុពលរបស់មូលដ្ឋាន។

ក្នុងឱកាសនេះ រដ្ឋបាលស្រុក ឃុំ អង្គភាព និងអង្គការពាក់ព័ន្ធ បានរាយការណ៍អំពីសមិទ្ធផល និងលទ្ធផលនៃគម្រោងដែលសម្រេចបាន និងបន្ដអនុវត្តគម្រោង ដើម្បីរួមគ្នាពិនិត្យ ពិភាក្សា និងសមាហរណកម្មកម្មវិធីវិនិយោគ ឱ្យកាន់តែឆ្លើយតបនឹងតម្រូវការ និងអាទិភាពនៃការអភិវឌ្ឍមូលដ្ឋាន៕

                            









Powered by Blogger.