ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំអំណោយសួរសុខទុក្ខកងកម្លាំងការពារព្រំដែនជួរមុខ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

 ខេត្តកំពង់ចាម៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកគ្រឿងឧបភោគបរិភោគ និងអំណោយផ្សេងៗ ទៅចែកជូនដល់កងនគរបាលការពារព្រំដែន វរនគរបាលការពារព្រំដែនគោកលេខ ៦០៤ (ភូមិភាគ៤) ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខ។


ជាមួយគ្នានេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដឹកនាំប្រតិភូនាំយកអំណោយទៅចែកជូនដល់កងទ័ពនៃកងពលតូចអន្តរាគមន៍លេខ ៧ ដែលកំពុងឈរជើងបម្រើភារកិច្ចការពារព្រំដែន ទិសទី១ ប្រាសាទព្រះវិហារ ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា សកម្មភាពនេះធ្វើឡើងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានតម្រូវឱ្យរដ្ឋបាលខេត្តកំពង់ចាម កៀងគរជំនួយផ្សេងៗដើម្បីយកមកឧបត្ថម្ភ និងសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅជួរមុខ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងទ័ព។

ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ព្រមទាំងសារលិខិតជូនពរ និងប្រសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះកងកម្លាំងជួរមុខទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការការពារបូរណភាពទឹកដីនៃមាតុភូមិ៕










                                    

Powered by Blogger.